ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

0

កំពង់ធំ)÷ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រះទេពសត្ថា សៀង សុខ ព្រះរាជជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ គណៈកម្មាធិការសាខា សមាជិក សមាជិកាទាំងអស់បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

នៅក្នុងកម្មវិធីបុណ្យចម្រើនព្រះជន្មនេះផងដែរ ឯកឧត្តម ងួន រតនៈ ក៏បានអាននូវសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារដូចតទៅ÷ក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មវស្សាគម្រប់៨៦ព្រះវស្សា យាងចូល៨៧ព្រះវស្សា អង្គសម្តេចព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធឡើង នៅថ្ងៃសៅរ៍៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំម្ចាស់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាប្រធានកិត្តិយសអនុប្រធានកិត្តិយស គណៈកម្មាធិការសាខា អនុសាខា មន្ដ្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយព្រះរាជសព្ទសាធុការ ពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ដោយមនោសញ្ចេតនាគោរព និងស្វាមីភ័ក្រ្តដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានមោទនភាព និងមហាកិត្តិយសជាទីបំផុត ដែល សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខែ្មរគង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគ នៅព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យកិត្តិយសស្ថាប័ននេះត្រូវបានលើកកម្ពស់ បង្កើនបាននូវជំនឿទុកចិត្ត ការគាំទ្រយ៉ាងខ្លាំងក្លា ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ ទូលព្រះបង្គំទាំងអស់គ្នាគ្មានថ្ងៃបំភ្លេចនូវស្នាព្រះហស្ថនៃព្រះរាជសកម្មភាព : អង្គសម្តេចម៉ែជាអម្ចាស់ និងប្រទានជាបទពិសោធន៍ និងព្រះរាជគំរូមនុស្សធម៌ដ៏ថ្លៃថ្លា សម្រាប់គ្រប់ៗជំនាន់។

ក្នុងពិធីដ៏មហានក្ខត្តឬក្សនេះទូលព្រះបង្គំទាំងអស់គ្នាសូមសម្ដែងជាថ្មីនូវស្វាមីភ័ក្រ្តដ៏កក់ក្តៅបំផុតដង្ហែនូវព្រះរាជវីរៈ គំរូ មនុស្សធម៌អង្គសម្តេចម៉ែ អង្គព្រះករុណា ព្រះមហាក្សត្រ កំពុងធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវការគាំទ ជំនឿ ទុកចិត្ត ក្នុងការប្រមូលកម្លាំងមនុស្សធម៌ ការកៀរគររកមូលនិធិ ការពង្រីកសមាជិក ការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ធ្វើឱ្យកាកបាទក្រហមកម្ពុជា បំពេញបាននូវតួនាទីជាក្តីសង្ឃឹមរបស់ជនរងគ្រោះ។

ក្នុងព្រះរាជពិធីបុណ្យចំរើនព្រះជន្មវស្សាដ៏ឧត្តុង្គឧត្តមនេះទូលព្រះបង្គំទាំងអស់គ្នាសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមប្រោសប្រទាន ព្រះពរជ័យមហាប្រសើរថ្វាយ សម្តេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីសក្ការៈ សូមព្រះអង្គមានព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរអស់កាល ជាយូរអង្វែងតរៀងទៅ។