សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២២

កំពង់ធំៈ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ស្ថិតក្រោម អធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ដែលបានប្រារឰឡើងនៅលើភូមិឋានរបស់អតីតយុទ្ឋជន នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានបងប្អូនអតីតយុទ្ធជនចូលរួមចំនួន១៥០គ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ធំ បានអានសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ឆ្នាំ ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ។ ឧត្ដមសេនីយ៍ ទោសោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹត ដែលបានផ្តល់ដឺសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មី មួយខ្នងជូនដល់បងប្អូនអតីតយុទ្ធជន១៤១ គ្រួសារ ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យ នៅ តាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែង អំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិង ប្រជាជនកម្ពុជា រួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។ ហើយក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានអាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូនបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផល ដាំ បន្លែ បង្ការ និងចិញ្ចឹមសត្វដើម្បី ដោះស្រាយជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយឲ្យកាន់តែប្រសើរឡើង ។

បន្ទាប់មកឯកឧត្តមងួន រតនៈ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនិងក្រុមអជីវករក្រុងស្ទឹងសែន បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិការមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន១៥០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕ដោយ ប៊ុន រដ្ឋា