អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

0

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំដោយ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុងស្រុក ព្រមទាំង មន្រ្តីតាមការិយាល័យបោះឆ្នោត និងលោក លោកស្រី ជាតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ជាច្រើនរូបផងដែរ។

មានប្រសាសន៍ចូលរួមក្នុងពិធីនេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ ទាំងអស់ ដែលលះបង់កម្លាំងកាយចិត្ត បំពេញតួរនាទីបានយ៉ាងល្អប្រសើរ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិ និងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរី ត្រឹមត្រូវយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរច្រើនឡើងៗ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស។

លោកបានបន្តថា ការរៀបចំបោះឆ្នោតនេះទទួលបានជោគជ័យទៅបានអាស្រ័យដោយកត្តាសំខាន់ៗមានដូចជា អំពីក្របខ័ណ្ឌច្បាប់ បទបញ្ជា និងនិតិវិធី រចនាសម្ព័ន្ឋគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការអប់រំអ្នកបោះឆ្នោតនិងសាធារណជន ការប្រើប្រាស់វិទ្យុ និងទូរទស្សន៍របស់រដ្ឋ អំពីតម្លាភាពក្នុងការទទួលនិងបញ្ជូនទិន្នន័យ និង ការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹង។ បន្ថែមពីនេះដែរ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា សូមធ្វើការសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ធព្រមទាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និង ទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះឡើយ៕