ប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃសុក្រ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ព្រមទាំងលោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានាចំណុះសាលាខេត្តជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការផ្ដាំផ្ញើដល់លោកប្រធាន អនុប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលយើងទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវបន្តអនុវត្តតួនាទីភារកិច្ច និងជំនាញរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេសខ្សែគណនេយ្យភាព តាមឋានានុក្រម ដែលមានកំណត់ក្នុងអនុក្រឹត្យ និងប្រកាសអន្តរក្រសួងដែលមន្ទីរសុខាភិបាល ត្រូវបានសមាហរណកម្មចូលមកក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត ។
២-ត្រូវបន្តខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីធានាឲ្យសកម្មភាពការងារមានភាពរលូន និងសម្រេចបានលទ្ធផលជោគជ័យ ជាពិសេសត្រូវសហការសម្របសម្រួលដោះសា្រយបញ្ហាដែលបានកើតឡើងដោយឈរលើគោលការណ៍ នីតិវិធី និងជាសមូហភាព ដោយមិនត្រូវអន្តោម័តនោះឡើយ។
៣-ត្រូវពង្រឹងរបៀបរបបការងារឲ្យបានល្អ និងបែងចែកតួនាទីភារកិច្ចថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ និងក្រុមគ្រូពេទ្យនៅក្នុងមន្ទីរសុខាភិបាល ឲ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ និងមិនត្រូវធ្វើសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសខ្លួនឯង និងអង្គភាព ។
៤-មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវាដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងមិនត្រូវធ្វេសប្រហែសណាមួយកើតឡើង ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺដោយការធ្វេសប្រហែសនោះឡើយ ។
៥-ត្រូវបន្តខិតខំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត ដែលជាមូលហេតុអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងឈានទៅដល់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ។
៦-សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត ។
៧-មន្ទីរសុខាភិបាលខេត្ត ត្រូវខិតខំ និងយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅពង្រឹងបន្ថែមនូវសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបឋមមុនពេលចូលបម្រើការងារ និងធ្វើវិក្រឹត្យការបន្ថែមនៅពេលបម្រើការងារឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុង វិស័យសុខាភិបាល ជាពិសេសការពង្រឹងធនធានមនុស្សនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ ។
៨-ត្រូវបន្តយកចិត្តទុកដាក់ចាត់វិធានការការពារ បង្ការទប់ស្កាត់ និងពង្រឹងសមត្ថភាពព្យាបាលចំពោះជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តគំរាមកំហែង និងបង្កនូវហានិភ័យនៅឡើយ និងក៏សូមឲ្យមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ជំរុញល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ ឲ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។
សូមបញ្ជាក់ជូនថា ពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង ប្រធាន អនុប្រធាមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តនៅថ្ងៃនេះរួមមាន៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រកាសជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដល់អាយុចូលវត្តន៍ និងលោកវេជ្ជបណ្ឌិតថោង អ៊ុ សុធា ប្រកាសជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត។
លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលថ្មីដែលទើបឡើងកាន់មុខតំណែងថ្មីបានប្តេជ្ញាថា សហការជាសម្ថកិច្ចអាជ្ញធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធត្រូវលប់បំបាត់អោយអស់ខ្លីនិចនិងពហុព្យាបាលដែលគ្មានច្បាប់និងឧសថខ្លែងខ្លាយឱយអស់ពីទឹកដីខេត្តស្វាយរៀង៕គឹមសេង