លោកយាយ លោកតាចំនួន៤០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុកហនគរ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន ៤០គ្រួសារ មកពី៧ភូមិ នៃឃុំពង្រ ស្រុកតាំងគោក។

នៅក្នុងឱកាសនេះព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកចឹត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយលោកតែងតែចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាព ដោយបានលោកអភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គ ក្នុងការគៀងគរសប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍស្រុកតាំងគោកនូវអំណោយមនុស្សធម៌។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ថោង ខុនឯកឧត្តមតែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ធ្វើម៉េចចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋានតាមផ្ទះ។ ការចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគឺដឹងពីការលំបាក និងបញ្ហាប្រឈមព្រមទាំងសំណូមពរ ពីតម្រូវការទាំងឡាយរបស់បងប្អូន ដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ។ លោកក៏បានបន្ថែមទៀតថា បងប្អូននៅឃុំពង្រពិតជាមានសំណាងដែលមានព្រះគ្រូមុនីសីលវង្សតុន ពិសី ព្រះអង្គតែងតែមានទឹកព្រះទ័យស្រណោះអាណិតលោកយាយ លោកតា ដែលមានជីវភាពលំបាក ព្រះតែងតែមានសម្ភារះ និងបច្ច័យ ដើម្បីជួយសម្រាលការលំបាក។ ជាងនេះទៅទៀត ព្រះបានដឹកនាំពុទ្ធបរិស័ទ្ធ និងសប្បុរសជនកសាងផ្លូវបេតុង ប្រវែង ២,៥៩០ម៉ែត្រ និងដាំបង្គោលភ្លើងនៅតាមផ្លូវដើម្បីបំភ្លឺ ជាពិសេសសមិទ្ធផលជាច្រើននៅក្នុងឃុំ ។

ជាចុងក្រោយលោកអភិបាលក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ព្រោះរដូវនេះជារដូវទឹកឡើង សូមប្រុងប្រយ័ត្នទៅលើ ក្មេងតូចៗ និងទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្រប់គ្នា។ សូមចូលរួមទប់ស្ដាប់បទល្មើសនេសាទនានា ដែលជាលក្ខណៈនេសាទហួសដែនកំណត់ និងប្រើប្រាស់ឧបករណ៍នេាទជាទ្រង់ទ្រាយធំ។

សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនមានចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ឃីត១ឈុត និងថវិកា៦០,០០០រៀល។