ខេត្តកែប ផ្សព្វផ្សាយដាក់ឱ្យអនុវត្តនួវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន…

(ខេត្តកែប)៖ រដ្ឋបាលខេត្ត កែប នៅព្រឹកទី១៩ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម និង លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយដាក់អោយអនុវត្តនូវរបបសន្តិសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ពិធីផ្សព្វផ្សាយនៅពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីរបបសន្តិសុខសង្គមថ្មី(ដែលមានយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃ) ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលដឹងអំពី ការអនុវត្ត នីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះកាន់តែច្បាស់បន្ថែមទៀត។

លោក សួន បញ្ញា ប្រធាន សាខា ប.ស.ស ខេត្តកែប មានរបាយការណ៍ថា៖ សាខា ប.ស.ស ខេត្តកែប បានធ្វើប្រតិបត្តិការក្នុងការផ្តល់សេវាដល់សមាជិក ប.ស.ស បានឆាប់រហ័ស និងទាន់ពេលវេលា ហើយ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយ មូលដ្ឋានសុខាភិបាលចំនួន ៧ មូលដ្ឋានសុខាភិបាលសាធារណៈចំនួន៦ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន១ ចំពោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលបានប្រើសេវានៅមូលដ្ឋានសុខាភិបាលមានចំនួន២,០៦០នាក់ កម្មករនិយោជិត ៤,៦៣៩នាក់ និងបានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតដែលជាស្ត្រីទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងពេលសំរាលកូនចំនួន ២០៩នាក់។

មានមតិស្វាគមន៍ក្នុងពិធីនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា៖ ខេត្តកែបជា ខេត្ត ទេសចរណ៍សំបូរដោយធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម័្ពន្ធ សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលបម្រេីអោយសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីនៅលើឆាកអន្តរជាតិ។
ទន្ទឹមនេះ ភាពរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាដ៏សំខាន់ ដើម្បីសម្រេចបាននៅក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៦-២០២៥ ដែលធ្វើអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រព័ន្ធសន្តិសុខសង្គមជាប្រព័ន្ធមួយ ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ ការងារនិកម្មភាព ទុព្វលភាព ជរាភាព និងមរណភាព នៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ និងជំរុញអោយប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយ ដើម្បីការពារហានិភ័យទាំងអស់គ្នា។

នាឱកាសនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន គឺជាជំហានថ្មីមួយទៀត ដែលជា ជំហានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម អោយពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។

ដូចនេះ របបសន្តិសុខសង្គម បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹង អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ អោយមានប្រសិទ្ធភាពបំផុត។ លោក សង្ឃឹមថា លោក លោកស្រី មន្ទីរពាក់ព័ន្ធ នាយក ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងទទួលបានព័ត៌មានថ្មីៗ និងការយលដឹងកាន់តែច្បាស់ពីប្រព័ន្ធសន្តិសុខសង្គម ជាពិសេសរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដែលបានផ្សព្វផ្សាយនាពេលនេះ៕ សេង ណារិទ្ធ