តុលាការ​ឃុំខ្លួន​បុរស​ចំណាស់​ម្នាក់​ជា​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​

0

​ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់​ជា​មេខ្យល់​នាំ​ពលករ​ស្លូតត្រង់​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ ខុស ច្បាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​ការនាំចេញ​មិន​ស្របច្បាប់​ដោយមាន គោលដៅ​។​ ​

បុរស​ជា​មេខ្យល់​រូបនេះ​ឈ្មោះ ហាយ សេង អាយុ​៥០​ឆ្នាំ ត្រូវបាន​កម្លាំង សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ដើម​គ ខណ្ឌទួលគោក ខណៈ​បម្រុង​ដឹក​ពលករ​ចំនួន ១៥​នាក់​តាម​រថយន្ត​តាក់ស៊ី​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាម​ព្រំដែន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ​

ប្រភពពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា នគរបាល​មូល​ដ្នា​ន​ផ្សារ​ដើម​គ បានឃើញ​មនុស្ស ប្រុស​ស្រី​មួយក្រុម​មាន​បង្វិចខោអាវ​សំពីងសំពោង​នៅ​បេនឡាន​មុខ​អតីត​រោងភាពយន្ត​ចេនឡា ដែល​បំរុង ឡើង​រថយន្តឈ្នួល​ទៅកាន់​ព្រំដែន ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​មូលដ្ឋាន​ក៏​រាយការណ៍​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ឲ្យ​ទៅធ្វើ​ការត្រួតពិនិត្យ​។​

ក្រោយ​ការសាកសួរ ទើប​ដឹងថា​មនុស្ស​ប្រុស​ស្រី​ទាំង​១៥​នាក់​នេះ មកពី​ស្រុកភូមិ​ផ្សេងគ្នា​តាម​បណ្តា​ខេត្ត ដែល​ត្រូវ​មេខ្យល់​ឈ្មោះ​ហាយ សេង នាំទៅ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្ករស ហើយ​ពួកគេ​ក៏​ពុំមាន​លិខិតឆ្លងដែន​ដែរ​គឺ​ធ្វើដំណើរ​តាម​ច្រករបៀង នៅ​ប្រទេស​ថៃ ដោយ​មេខ្យល់​ទាមទារ ប្រាក់​ក្នុង​ម្នាក់ៗ ១៥០​ដុល្លារ​។ ប៉ុន្តែ​ទាល់តែ​ទៅដល់​ប្រទេស​ថៃ​ទើប​ប្រគល់​ប្រាក់​។

ដូច្នេះ សមត្ថកិច្ច​បាន​អប់រំ​មនុស្ស​ប្រុស​ស្រី​ទាំង​១៥​នាក់​នេះ ហើយ​ឱ្យ​ត្រឡប់​ទៅកាន់​ទីលំនៅ​វិញ រួច​បញ្ជូន​ឈ្មោះ ហាយ សេង មក​តុលាការ​ដើម្បី​ចាត់ ការ​តាមច្បាប់​តែម្តង​៕ 01