វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs

សៀមរាប ៖  នៅសាលប្រជុំសាលាខេត្តសៀមរាប ថ្ងៃទី៣១ខែសីហាឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs។ វេទិកានេះប្រព្រឹត្តិទៅ ក្រោមកិច្ចដឹកនាំ និងសម្របសម្រួលពី ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខា ធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង វត្តមាន លោក លោកស្រី អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនផលិតករ សេវាករ និងសិប្បករ ជាច្រើនរូបទៀត។
គោលបំណងនៃវេទិកានេះគឺ ដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជម្រុញឲ្យ អ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ ធ្វើយ៉ាងណាឲ្យការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបង្ហាញការគាំទ្រ ចូលរួមផ្សព្វផ្សាយ និងជំរុញការអនុវត្តចលនាភូមិ១ផលិតផល១ ឲ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។ លោកបានមានប្រសាសន៍ថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ជម្រុញឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ។ លោកអភិបាលរងខេត្ត បន្ថែមថា៖រដ្ឋបាលខេត្ត និងគណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឲ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជម្រុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផង ដែរ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួង ណយ មានប្រសាសន៍ថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់នេះគឺទាមទារឲ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឲ្យមានការចូលរួមយ៉ាងសកម្មផងដែរពី ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជម្រុញមានការអភិវឌ្ឍផលិតផលថ្មីៗក៍ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយការនាំចូលនូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប