ឧត្តមសេនីយ៍ទោ សោម ស៊ុនដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងឧបត្ថម្ភជូនប្រជាពលរដ្ឋ

0

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានដឹកនាំកងកម្លាំង រួមនិងអាជ្ញាធរដែនដី ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចនៅបណ្ដាភូមិមួយចំនួន និងបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់១០គ្រួសារ នៅតាមបណ្ដាខ្នងផ្ទះក្នុងមួយគ្រួសារអង្ករ២៥ គ.ក មីជាតិ១កេស នឹងត្រីខកំប៉ុង១យួរ និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំបណ្ដែតបណ្ដោយឲ្យលេងទឹកអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារលក់ទឹក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យជំនន់ទឹកភ្លៀងជន់លិច ផ្លូវជាតិលេខ៦ 4 កន្លែង ដោយក្នុងមួយកន្លែងៗ ប្រវែងជាង២០០ម៉ែត្រ  នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ប៉ុន្តែប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមកបាន  ដោយឡែកនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យជន់លិចផ្លូវក្រាលកៅស៊ូ ប្រវែង១.០៩៥ម៉ែត្រ  ផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.០៥០ម៉ែត្រ ផ្លូវលំក្រាលដីសប្រវែង១.៥០០ម៉ែត្រ និងលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ៥៦៩ខ្នង ។

ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមនិងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា  និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងឡាយ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ប៊ុន រដ្ឋា