(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ផ្ទះ១ខ្នងទី១០២ មានទំហំ៣ម៉ែត្រx៤ម៉ែត្រ ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រឈ្មោះ ខៀវ សារ៉េត និងចែកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកស្បូវ សង្កាត់អូរកន្ធូរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្ដេចទាំងពីរតែងតែផ្ដល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីភាពខ្វះខាត ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យ បានផ្ទះនេះគឺមិនទទួលបានទាំងអស់នោះទេ គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើការទាំងអស់នេះបានមកពីរៃអង្គាសគ្នា ក្នុងការដោះស្រាយជីវភាពជូនដល់ពួកគាត់បានមួយកម្រិត។
ឯកឧត្តមក៏បានបន្តទៀតថា ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះមានដូចជា សាងសងផ្ទះ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ ចូលរួមការងារសង្គមផ្សេងៗមាន(ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាងស្ងួត ជូនគ្រួសារដែលងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយជាដើម)។សកម្មភាពការងារមនុស្សធម៌ជាសកម្មភាពមួយរស់រវើកដែលកើតចេញពី សាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់ ទីណាមានទុក្ខលំបាកទីនោះតែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច ។
ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគឺ យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ព្រោះរដូវនេះជារដូវរងារ និងងាយឆ្លងជំងឺផ្ដាសាយផងដែរ។ សូមឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យនិងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ក្នុងគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងឃីត០១កញ្ចប់ផងដែរ