ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ជូនប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់​និង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារអប់រំចិត្តសាស្ត្រ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

បន្ទាប់ពីបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ទូទៅ​ដែលកើតមានឡើងនៅក្នុងតំបន់និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា​រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ មេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ និង​បណ្តា​ការិយាល័យ​ ស្ថាប័ន​ចំណុះឲ្យបណ្ដាអង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល​បាន​សម្រេច​តាម​ផែនការ​ និង​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​ ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះប្រជាជនកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងទទួលបាននូវការអភិវឌ្ឍរីកចម្រើន ហើយជាមួយនោះដែរកិតិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាយើង បានលេចត្រដែតត្រចះត្រចង់នៅលើឆាកអន្តរជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត កំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឱ្យបន្តនៅគង់វង្សជារៀងរហូត ដេីម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ​ន៍​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត​ និង​សម្រាប់សេចក្តីសុខសាន្ត របស់កូនចៅយើងនៅជំនាន់ក្រោយៗទៀត​ ។