ខ្នងផ្ទះទី២៣៤ អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប្រគល់ជូនលោកព្រិន្ទបាលឯក អាន ស៊ីម អតីតយុទ្ធជនពិការស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះប្រគល់មួយខ្នង ដែលជាខ្នងផ្ទះទី២៣៤ ជូនលោក អាន ស៊ីម អាយុ៦១ឆ្នាំ ជាអតីតយុទ្ធជនពិការ ធ្លាប់ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៣កងពល២៨៦ ឈរជើងនៅខេត្តបាត់ដំបង មានឋានន្តរសក្តិព្រិន្ទបាលឯក ត្រូវរបួសពិការដាច់ជើងខាងស្តាំនៅឆ្នាំ១៩៨៧ នៅសមរភូមិម៉ាឡៃ ខេត្តបាត់ដំបង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្រោយពីបានឃើញអតីតយុទ្ធជនមានជីវភាពខ្វះខាត រស់នៅជាមួយនិងភរិយា និងកូន៥នាក់ ប្រកបរបរធ្វើស្រែ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែម មានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ត្រីខ០១យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកព្រិន្ទបាលឯក អាន ស៊ីម អតីតយុទ្ធជពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ ប៊ុន រដ្ឋា