ឯកឧត្តម អ៊ុន បុត្ត÷ខេត្តកំពង់ធំឈានឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទក្នុងឆ្នាំ ២០២៥ខាងមុខនេះ

0

(កំពង់ធំ) ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ ជំងឺគ្រុនចាញ់ក្នុងខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរភូមិ ឃុំស្រុក នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

លោក ទូច ផល្លា ប្រធានកម្មវិធីគ្រុនចាញ់ខេត្តកំពង់ធំបានឡើងធ្វើបទបង្ហាញអំពី លទ្ធផលការងារសម្រេចបានរបស់ក្រុមការងារពិសេសថ្នាក់ ក្រុងស្រុក សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំឆ្នាំ ២០២២ និងលទ្ធផលការងារក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ ។

ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម អ៊ុន បុត្ត មានប្រសាសន៍ថាដើម្បីឲ្យកិច្ចការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះទទួលបានជោគជ័យស្របតាមផែនការរបស់រាជរដ្ឋាភិបាល គឺយើងត្រូវចូលរួមសាមគ្គី សហការទាំងអស់គ្នា ជាលក្ខណៈបែបសហគមន៍ ហើយអាជ្ញាធរត្រូវសហការជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន តាមរយៈការរំលេចនូវការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរចេញចូលក្នុងព្រៃញឹកញាប់ ត្រូវអប់រំឱ្យពួកគាត់ទាំងអស់គ្នាបានយល់ដឹងពីជំងឺគ្រុនចាញ់ ដែលជំងឺនេះឆ្លងតាមរយៈមូសដែកគោលញីខាំ និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។

ឯកឧត្តម អ៊ុន បុត្ត បានបន្តថា ដើម្បីការពារពីជំងឺនេះយើងត្រូវសម្រាកនៅក្នុងមុងជ្រលក់ថ្នាំ ស្លៀកសំលៀកបំពាក់ឲ្យបានជិតៗ ត្រូវមានអនាម័យ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីការពារជៀសវាងកុំឲ្យមាននូវជម្រកសត្វមូសរស់នៅ។ ប្រសិនបើមានអាការៈមិនប្រក្រតីត្រូវប្រញាប់ទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។

ឯកឧត្តម អ៊ុន បុត្ត បានជំរុញដល់ អាជ្ញាធរភូមិឃុំ ស្រុកត្រូវចូលរួមលើកទឹកចិត្តដល់ ក្រុមអ្នកស្ម័គ្រចិត្តព្យាបាលជំងឺនៅតាម ភូមិ ឃុំ តាមរយៈការ ឧបត្ថម្ភសម្ភារៈប្រើប្រាស់ បរិក្ខារវេជ្ជសាស្ត្រ និងថវិកាមួយចំនួន ពិសេសត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការការពារពីជំងឺគ្រុនចាញ់ទៅកាន់ប្រជាពលរដ្ឋឲ្យទទួលបានការយល់ដឹងកាន់តែច្រើនបន្ថែមទៀតនៅគ្រប់មូលដ្ឋានរបស់ខ្លួន។