ពលរដ្ឋប្រតិកម្ម រឿងផ្លូវមួយកន្លែង ដែលត្រូវអ្នកមានឥទ្ធិពល ព័ទ្ធរបងធ្វើជាកម្មសិទ្ធ

0

ខេត្តបាត់ដំបង ÷ កំណាត់ផ្លូវមួយខ្សែដែលប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃតាំងពីសម័យដើមរៀងមក ត្រូវបានអ្នកមានអំណាចមួយរូប ព័ទ្ធរបងយ៉ាងរឹងមាំដើម្បីក្តោបធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលបញ្ហានេះបានធ្វើអោយមជ្ឈដ្ឋានជាច្រើនកំពុងធ្វើការរិះគន់ ហើយក៏កំពុងមានបញ្ហាចម្រូងចម្រាស់ជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

ទីតាំងដែលបុគ្គលមានអំណាចក្តោបយកដីផ្លូវនេះ ស្ថិតកៅក្បែភូមិគ្រឹះឯកឧត្តមស្នងការ សាត គឹមសាន ក្នុងភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលផ្លូវនេះបែកចេញពីផ្លូវជាតិលេខ៥៧ ចូលទៅកាន់ភូមិជាច្រើននៅតាមបណ្តោយអូរដំបង និងតាមបណ្តោយស្ទឹងចាស់ ។
តាមការបកស្រាយពីលើក ហុក សុគុណ មេឃុំអូរដំបង២ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះថា កន្លងមកដីត្រង់ចំណុចខាងលើ គឺជាដីរបស់មេភូមិ ហើយក៏បានលក់ទៅអោយលោក ឡាញ់ នី ដែលជាមន្ត្រីយោធា និងជាដង្ខៅផ្សារថ្មី បាត់ដំបង ផងដែរ ហើយការលក់-ទិញនេះ លោកមេភូមិក៏បានបញ្ជាក់អំពីទំហំដីដែលមាន គឺជាប់ត្រឹមផ្លូវតែប៉ុណ្ណោះ។
លោកមេឃុំបានបន្ថែមថា ក្រោយពីលោក ឡាញ់ នី ទិញបានដីនេះរួចមក ឮថាមានគម្រោងចង់សាងសង់ជាសាលារៀនឯកជន តែក្រោយមកទៀតក៏មានការកែប្រែទៅជាការពុសដីឡូត៍ទៅវិញ ហើយក៏ស្រាប់តែមានការព័ទ្ធរបងថ្មយ៉ាងរឹងមាំទៅលើផ្លូវយ៉ាងជិតតែម្តង ដោយគេមានលែសមួយគឺ គេបានចាក់ដីទៅលើបឹងដែលប្រជាពលរដ្ឋប្រើរួមគ្នារាល់ថ្ងៃ អស់មួយចំហៀងដើម្បីអោយធ្វើដំណើរវាងទៅលើបឹងនោះវិញ។
នៅពេលនោះដែរ លោកមេឃុំនិងក្រុមការងារបានចុះទៅសាកសួរដែរ តែលោក ឡាញ់ នី បានលើកយ៉ាងខ្លីថា ខាងសុរិយោដី ជាអ្នកចុះមកចុច GPS អោយ ទើបលោក ហ៊ានសាងសង់បែបនេះ ។ ទោះបីជាបែបនេះក្តីក៏អាជ្ញាធរនៅមិនទាន់ដឹងថា តើក្រុមការងារសុរិយោដីស្រុក ឬខេត្តជាអ្នកកំណត់អោយយកដីផ្លូវបែបនេះ? កម្ពុជាថ្មី បានព្យាយាមទាក់ទងទៅលោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែដែលទើបឡើងថ្មី ដើម្បីចង់ដឹងអំពីបញ្ហាដ៏រសើបនេះ ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទឡើយ ។
ដោយឡែកនៅព្រឹកថ្ងៃ២០ នេះ លោក ទេព កុសល ប្រធានភូមិបាលស្រុកសង្កែ បានលើកឡើងនូវហេតុផលផ្សេងៗ មកបញ្ជាក់ថា កាលពីដើមផ្លូវគឺនៅចំស្រះទឹក ឯផ្លូវនោះជាកម្មសិទ្ធរបស់ម្ចាស់ដី ដូច្នេះហើយបានជាលោកសម្រេចលើការវាស់វែង ហើយអនុញ្ញាតិអោយម្ចាស់ដីព័ទ្ធរបង ដោយអោយចាក់ដីទៅក្នុងស្រះមួយចំហៀងធ្វើផ្លូវជំនួសវិញ។
បើទោះបីជាចម្លើយរបស់លោកមេភូមិបាលស្រុកសង្កែ ឆ្លើយប្រាស់ចាកពីសម្តីរបស់លោកមេឃុំអូរដំបង២ ក៏ដោយ ក៏លោក សួន សុភា ប្រធានមន្ទីរសុរិយោដីខេត្ត នៅតែបន្តដាក់ក្រុមការងារចុះសិក្សាឡើងវិញ ក្រោយពីឯកសាររបស់ភូមិបាលស្រុកបញ្ជូនមកដល់មន្ទីរ ព្រោះរឿងនេះលោកមិនអាចនៅស្ងៀមបានទេ ។ ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើក៏បានអះអាងថា មិនដែលប្រជាពលរដ្ឋណាល្ងង់ដល់ថ្នាក់ទៅជីកស្រះនៅចំកណ្តាលផ្លូវដូចពាក្យលោកប្រធានភូមិបាលលើកឡើងនោះឡើយ ៕ អត្ថបទ ÷ ព្រាប.ស