ឯកឧត្តម មុំ ដារ៉េត បានអំពាវនាវដល់សិស្សានុសិស្ស ត្រូវសិក្សាពីប្រវត្តិសាស្ត្រឲ្យបានជាក់លាក់ និងថែរក្សាសន្តិភាពឱ្យបានគង់វង្ស

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុំ ដារ៉េត អគ្គបេឡារងធនាគាជាតិ នៃកម្ពុជា តំណាងឯកឧត្តម ថា យ៉ាវ ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពីធី២០ឧសភាទិវាជាតិនៃការចងចាំ ដែលប្រារព្ធធ្វើឡើងនៅក្នុងវត្តទួលព្រះធាតុ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងដោយភាពក្ដុកក្ដួលនៅក្នុងទិវាចងចាំជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម មុំ ដារ៉េត បានអំពាវនាវ ដល់សិស្សានុសិស្ស យុវជន អ្នកសិក្សាក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ត្រូវសិក្សាពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ជាពិសេសគឺប្រវត្តិសាស្រ្តរបស់របបវាលពិឃាត០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ដ៏ឃោរឃៅដែលរបប ប៉ុល ពត ខ្មៅយង់ឃ្នងបានបង្កវិនាសកម្មនិងទុក្ខលំបាកវេទនាគ្រប់បែបយ៉ាង ។ ដូចជា ការបង្អត់អាហារមិនឲ្យមានការបរិភោគគ្រប់គ្រាន់ កធ្វើការងារធ្ងន់ធ្ងរលើសកម្លាំង ការធ្វើទារុណកម្មគ្រប់បែបយ៉ាង ការសំលាប់រង្គាលមិនរើសមុខមកលើប្រជាជនខ្លួនឯង ការបំបាត់សាសនា ការបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ងមកលើ ប្រជាជន និងជាតិកម្ពុជាដែលមិនអាចបំភ្លេចបាន ហើយត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងការពារដាច់ខាតមិនឲ្យរបបអាវខ្មៅវិលត្រឡប់សារជាថ្មីមកនៅក្នុងទឹកដីកម្ពុជាតទៅទៀតទេ។

ជាមួយគ្នានេះផងដែរឯកឧត្តម ម៉ុំ ដារ៉េត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការស្វែងរកសន្តិភាពជូនជាតិកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន និងជួយនាំឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះពិធីប្រកួតseagamesលើកទី៣២ កាលពីពេលថ្មីៗនេះ ដែលទទួលបានជោគជ័យគួរឲ្យមោទនភាពបំផុត។

លើសពីនេះឯកឧត្តម ក៏បានណែនាំ សូមឲ្យប្រជាជនកម្ពុជាគ្រប់រូប ត្រូវមានការចងចាំជានិច្ចនូវអំពើយង់ឃ្នងរបស់បនប្រល័យពូជសាសន៍ខ្មែរក្រហម ហើយមិនត្រូវជឿលើបុគ្គលអគតិភ្លេចជាតិកំណើតមួយចំនួន ដែលបានបំភ្លៃ ការពិត និងប្រវត្តិសាស្រ្តហើយប៉ុនប៉ងបង្កអសន្តិសុខផ្សេងៗមកលើប្រទេសជាតិយើងជាដាច់ខាត។

ជាចុងបញ្ចប់ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ជាប្រវត្តិសាសន៍ ឲ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះកុំខាន។