ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកាបេឡារមណៈសង្គ្រោះ ៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុកគូលែន

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នាំយកថវិកាបេឡាមរណៈសង្គ្រោះ  ៤លានរៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសពអតីតយុទ្ធជន ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងទៀតថា ក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងលិខិតរំលែកមរណទុក្ខ ជូនដល់គ្រួសារសព ឈ្មោះ លឹម ធុង ភេទប្រុស អាយុ ៥៥ឆ្នាំ (មុខសញ្ញាពិការ) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា គំរូវីរភាពដ៏អង់អាចក្លាហាន មុះមុត ក្នុងបុព្វហេតុការពារទឹកដីរបស់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋ គឺជាគុណបំណាច់ដ៏ធំធេងមិនអាចបំភ្លេចបានឡើយ។ លោកបញ្ជាក់ទៀតថា ការធ្វើពលីកម្មប្រកបដោយស្មារតីស្នេហាជាតិនេះ បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងក្របខ័ណ្ឌនៃកិច្ចការពារបូរណភាពទឹកដី ការកសាងបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម ប្រកបដោយភាពរីកចម្រើនរុងរឿង៕ដោយ៖ឡុង សំបូរ