សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំសមាជិក សមាជិកាបក្សជាង ១ពាន់ ៧០០នាក់ ដង្ហែរក្បួនបើកយុទ្ធនាការឃោសានារកសម្លេងឆ្នោត នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាង ១ពាន់ ៧០០នាក់ បានចូលរួមយ៉ាងផុលផុសក្នុងការដង្ហែរក្បួន នៃដំណើរការបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្បួនឃោសនារកសម្លេងឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដែលជាយុទ្ធនាការធំលើកទី៣នោះ បានធ្វើឡើងក្រោមអធិបតីភាព លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភាមណ្ឌលភូមិ ភាគ៨ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលព្រះវិហារ ទាំង៦រូប ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកជាំក្សាន្ដ ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក និងសមាជិក-សមាជិកា មកពីមូលដ្ឋានឃុំទាំង៨ នៃស្រុកជាំក្សាន្ដ សរុបប្រមាណ ១ពាន់ ៧៧០នាក់។

ក្បួនឃោសនារកសម្លេងឆ្នោត ដែលបានធ្វើឡើងនៅស្រុកជាំក្សាន្ដនាពេលនោះ ត្រូវគេមើលឃើញថា បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងដោយរលូន ដោយមានរថយន្ដតូច-ធំគ្រប់ប្រភេទប្រមាណ ១៦៥គ្រឿង ម៉ូតូ ២៤៨គ្រឿង និងមានបំពាក់មេក្រូចាក់បំពងសម្លេងពី គោលនយោបាយបក្សជាច្រើនគ្រឿង បន្លឺឡើងដោយសម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារនិងអត្ថន័យយ៉ាងជ្រាលជ្រៅ​ ទៅតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕ដោយ៖ឡុង សំបូរ