មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចុះសង់ផ្ទះមួយខ្នង និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ទៅឧបត្ថម្ភដល់អតីតយុទ្ធជន ដែលមានជីវភាពក្រលំបាក នៅក្នុងស្រុកឆែប

0

ខេត្តព្រះវិហារ៖ អតីតយុទ្ធជនមួយគ្រួសារ ដែលមានជីវភាពក្រលំបាក ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងផ្ទះថ្មីមួយខ្នង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកឆែប លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅរសៀលថ្ងៃទី២សីហាម្សិលមិញ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ផ្ទះថ្មីមួយខ្នងដែលជាចំណងដៃរបស់ សម្តេចប្រមុខដឹកនាំ ត្រូវបានសាងសង់ឡើងក្រោមការជួយជ្រោមជ្រែង និងពួតដៃសហការគ្នាយ៉ាងសស្រាក់សស្រាំ ពីក្រុមការងារគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដើម្បីប្រគល់ជូនដល់អតីតយុទ្ធជនមួយគ្រួសារ បូករួមទាំងអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ផ្ទះថ្មីមួយខ្នងដែលបានសាងសង់ឡើងនៅពេលនេះ បានចំណាយថវិកាអស់ ៧លាន ៥សែនរៀល និងសម្ភារៈដែលជាគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មី ២កេស និងថវិកា ១០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារក្រីក្រ ១គ្រួសារ ឈ្មោះ ឡេវ យ៉េត ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងទៀតថា ការផ្តល់ជូននូវអំណោយ ថវិកានិងផ្ទះថ្មី១ខ្នងរបស់ សម្តេចប្រមុខដឹកនាំ ជូនដល់គ្រួសារក្រីក្រនៅពេលនេះ គឺជាកាយវិកា និងសកម្មភាពក្នុងការយកចិត្តទុកដាក់ជាប្រចាំ ដើម្បីជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជននៅទូទាំងប្រទេស ពិសេសនៅក្នុងខេត្តព្រះវិហារនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា សេចក្តីអង់អាចក្លាហានរបស់ អតីតយុទ្ធជនកម្ពុជា ក្នុងការតស៊ូបូជាសាច់ស្រស់ ឈាមស្រស់ មានខ្លះពិកាដៃ ពិកាជើង ពិកាភ្នែក និងបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារអធិបតេយ្យជាតិ ដើម្បីកម្ពុជាឯករាជ្យ មានសុខសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ គឺជាគំរូវីរភាពដ៏មុតស្រួចមួយ មិនអាចបំភ្លេចបានឡើយ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ទៀតថា ដោយសារគុណូបការៈដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជននេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតសមាគមអតីតយុទ្ធជននេះឡើង ដើម្បីប្រមែរប្រមូលបងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ យកមកគ្រប់គ្រង និងបន្តជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូន ដោយមិនឲ្យបងប្អូនអត់បាយ អត់ទឹក និងគ្មានទីជម្រករស់នៅសមរម្យនោះឡើយ៕ដោយ៖ឡុង សំបូរ