អភិបាលខេត្ត ត្បូងឃ្មុំ បានថ្លែងថា វិស័យអប់រំកាយ និងកីឡា ដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គម សន្តិភាព ដូចពាក្យថា «កីឡារស់ក្នុងសន្តិភាព»

0

ត្បូងឃ្មុំ: អភិបាលខេត្តនៃគណៈអភិបាលខេត្តតត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា វិស័យអប់រំកាយ និងកីឡា បាននឹងកំពុងដើរតួរនាទីសំខាន់ ជាយាន ក្នុងការអភិវឌ្ឍន៍សង្គម សន្តិភាព ដូចពាក្យថា «កីឡារស់ក្នុងសន្តិភាព» ថ្លែង បែប នេះ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការរៀបចំការប្រកួតកីឡានេះឡើង គឺដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជាតិជ័យជំនះ០៧មករា ជាថ្ងៃកំណើតទី២ផង និងក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព មិត្តភាព សុខភាព ផ្តល់ភាពសប្បាយរីករាយ ដល់យុវជន និងប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនៗ បន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់លើវិស័យកីឡា ដោយបានលើកកម្ពស់វិស័យកីឡានៅលើឆាកអន្តរជាតិ និងតំបន់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាន សង្កត់ ធ្ងន់ ថា កីឡានាំមកនូវសុខភាព សាមគ្គីមិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។ ដូច្នេះ សូមក្មួយៗយុវជន ក៏ដូចជាភាគីពាក់ព័ន្ធ សូមចូលរួម ជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡា នៅក្នុងមូលដ្ឋាន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថា «យុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទ ក្នុងមួយជីវិត»។

ស្ថិតក្នុងឳកាសនោះ ដែរ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានប្រគល់លិខិតសរសើរ ដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន គណៈកម្មការដឹកនាំការប្រកួត និងប្រគល់ជូនជ័យលាភី ដល់កីឡាករ ជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ អមដោយពានរង្វាន់១ មេដាយម្នាក់១ និងថវិកាមួយចំនួន ព្រមទាំងថតរូបអនុស្សាវរីយផងដែរ។

គួរ បញ្ជាក់ ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ថ្ងៃ ដោយមានក្រុមកីឡាករមកពីតាមបណ្ដាឃុំ និងក្លឹប ចំនួន២១ក្រុម ជាលទ្ធផលក្រុមជើងឯក លេខ ១ បានទៅលើ យុវជនប៉ើស២ , ក្រុងជើងឯករង បានទៅលើ រស្មីសន្តិភាពពង្រ១ , ក្រុមលេខ៣ បានទៅលើ យុវជនខ្ពប២ និងក្រុមលេខ៤ បានទៅលើ យុវជនភូមិអំពិល ៕