អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចូលរួមផលិតពលរដ្ឋល្អតាមរយៈពុទ្ធោឱវាទ បានចូលរួមយ៉ាងសំខាន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការចូលរួមផលិតពលរដ្ឋល្អតាមរយៈពុទ្ធោឱវាទ បានចូលរួមយ៉ាងសំខាន់ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពោលគឺបើសង្គមយើងមានមនុស្សល្អ កាន់តែច្រើន មនុស្សអាក្រក់កាន់តែតិចនោះ អំពើអបាយមុខនៅក្នុងសង្គមក៏នឹងកាត់បន្ថយបាន ហើយស្ថិរភាពសណ្ដាប់ធ្នាប់ក្នុងសង្គមក៏នឹងកើតឡើង ដែលជាចំណុចស្នូលនៃជ្រុងមួយនៃ យុទ្ធសាស្ត្របញ្ចកោណ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តួនាទីព្រះពុទ្ធសាសនានៅកម្ពុជាយើង ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធំធេងណាស់ ក្នុងការអនុវត្តន៍យុទ្ធសាស្រ្តដឹកនាំ ប្រទេសគ្រប់ដំណាក់កាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា តាមរយៈវិស័យពុទ្ធិកសិក្សា ព្រះពុទ្ធសាសនាបានជួយបណ្តុះបណ្តាលធនធាន បុព្វជិតជាច្រើនដែល ជាកុលបុត្រក្រីក្រ ឱ្យក្លាយទៅជាបញ្ញវ័ន្តសង្ឃប្រកបដោយសមត្ថភាពនៅ ក្នុងសង្គម។ នេះគឺជាការចូលរួម មួយទៀតនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺការចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស ។

បេីតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម ព្រះពុទ្ធសាសនា មាន ២គណៈ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ មានវត្តអារាមសរុបចំនួន ៣៧៨វត្ត ក្នុងនោះ (ធម្មយុត្តិ ១២វត្ត) មានអាស្រមចំនួន ១៦កន្លែង និងមានមណ្ឌលវិស្សនាចំនួន ២៩កន្លែង និងព្រះសង្ឃសរុបចំនួន ៥៦៣៩អង្គ (ធម្មយុត្ត ១៤៤អង្គ) មានអាចារ្យវត្តចំនួន ១,៦៨៥នាក់ និងគណៈកម្មការវត្ត ៣៦២១នាក់ ផងដែរ ។

គួរបញ្ជាក់ថា មហាសន្និបាតបានធ្វើឡើងក្រោមព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បូ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកជាព្រះរាជ ព្រមទាំងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងឯកឧត្តម អន ធាងអាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ៕