អភិបាលស្រុកស្ទោង នាំយកអំណោយជួយសង្គ្រោះគ្រួសារមេម៉ាយទុគ៌តនៅភូមិទំពេច 

0

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង ព្រះគ្រូ ថេ សិត ព្រះចៅអធិការវត្តឥន្ទរង្សី (ហៅវត្តហប់) ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងរដ្ឋបាលឃុំទ្រា បានអញ្ជើញនិងនិមន្តទៅសួរសុខទុក្ខ នាំយកអំណោយសង្គ្រោះមកប្រគល់ជូន បងស្រី លន់ ម៉ៅ ជាស្ត្រីមេម៉ាយទុគ៌តមានសមាជិកគ្រសារចំនួន០៧នាក់ រស់នៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានលើកទឹកចិត្តអាជ្ញាធរភូមិ/ឃុំ និងជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារខាងលើ ក៏ដូចជាគ្រួសារក្រីក្រផ្សេងទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច និងជីវភាពគ្រួសារគាត់ឲ្យបានប្រសើឡើងជាងមុន។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមបន្តជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា ក្នុងការចូលរួមរៀបចំកសាងផ្ទះជូនគាត់ទៅតាមស្ថានភាពជាក់ស្តែង ព្រោះពេលនេះគាត់ពុំមានផ្ទះសម្បែងសមរម្យសម្រាប់ជ្រកកោននៅឡើយ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់លោកមេភូមិ មេឃុំ ប៉ុស្តិ៍រដ្ឋបាល  ត្រូវសហការគ្នា កៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ ដើម្បីរៀបចំកសាងផ្ទះជូនគាត់ឲ្យបាមឆាប់រហ័សបំផុត។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូននៅពេលនេះរួមមានថវិកា៦០០.០០០រៀល អង្ករ៧៥គីឡូក្រាមព្រមទាំង គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ អត្ថបទលោក ឆុន ឆេងក្រឹម-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕