លោក កែ ក្រានីត នាំយកអំណោយសប្បុរសជនចែកជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង១.០០០នាក់ នៅខេត្តសៀមរាប និងជួសជុលអគារសិក្សានៅខេត្តកំពង់ធំ 

0

កំពង់ធំ÷ លោក កែ ក្រានីត  សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ នាំយកអំណោយចែកសម្ភារសិក្សា ដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ នៅស្រុកជីក្រែង ខេត្តសៀបរាប និងសាលាបឋមសិក្សាជ័យ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ក្នុងឱកាសនេះលោក កែ ក្រានីត បានបញ្ជាក់ឱ្យដឹងថាទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំក៏ដូចជាធនធានមនុស្ស ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រទាំងនៅសាលារៀន នៅគេហដ្ឋានដើម្បីក្លាយជា សិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អគ្រប់ៗគ្នា ជាសសរទ្រូងប្រទេសជាតិ ជាអ្នកបន្តវេនដ៏រឹងមាំនិងជាអនាគតរបស់ប្រទេសជាតិ។

ជាមួយនេះផងដែរលោកកែ ក្រានីតសមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បាននាំយកនូវស័ង្កសីជ័រចំនួន៣២សន្លឹក ទ្វារឈើចំនួន០៣ បង្អួចឈើចំនួន១២ ទៅជួសជុលអគារសិក្សា០១ខ្នង ស្ថិតនៅក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការទ្រុឌទ្រោមខ្លាំង ហើយអាចឱ្យសិស្សានុសិស្សសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពឡើងវិញ។

លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ដែលបានឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា តាមរយៈឯកឧត្តមផ្ទាល់ សម្រាប់ចែកជូនដល់សិក្សានុសិស្សលោកគ្រូអ្នកគ្រូ ក៏ដូចជាជួសជុលអគារសិក្សានៅពេលនេះ។

លោក ក៏បានផ្សព្វផ្សាយអំពីអាហារូបករណ៍ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញបានផ្ដល់ជូនតាមរយៈឯកឧត្តមផ្ទាល់ ដល់និស្សិតដែលចង់បន្តការសិក្សា នៅសកលវិទ្យាល័យ នាឆ្នាំសិក្សា ២០២៤ -២០២៥ ខាងមុខ នេះសូមទាក់ទងមកឯកឧត្តមផ្ទាល់ ដើម្បីបានបន្តការសិក្សាតាមស្ថានភាព និងចំនួនជាក់ស្ដែង។

គួរបញ្ជាក់ផងដែរថា សម្ភារសិក្សាដែលត្រូវចែកជូននៅពេលនេះមាននៅសាលាបឋមសិក្សាក្របីរៀល សាលាសិក្សាហ៊ុនសែនគំរូ និងសាលាបឋមសិក្សាជ័យដែលមានជារួមសៀវភៅរឿង-សៀវភផាត់ពណ៌១.៥០០ក្បាល
សម្ភារៈកីឡា(បាល់ទាត់១០-បាល់ទះ១០-បាល់បោះ០៤) ពាក្យស្លោក២០០សន្លឹក ផ្ទាំងរូបភាព៣០០សន្លឹក និងនាឡិកាព្យួរជញ្ជាំងចំនួន៥០ផងដែរ៕ អត្ថបទលោក ឆុន ឆេងក្រឹម