ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្ពោធសមិទ្ធផលនានានៅក្នុងទីអារាម ដែលមានអាយុកាលជាង៣០០ឆ្នាំ

0

កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ដែលមានតម្លៃជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តសិរីឧត្តម ហៅវត្តជាន់លែង នៅឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

លោក ស៊ូ ធឿន ប្រធានក្រុមប្រឹក្សាឃុំមានជ័យ ស្រុកសណ្ដាន់ បានឡើងធ្វើរបាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តសេរីឧត្តមនេះ ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ១៧១៧ ដែលមានអាយុកាល៣០៦ឆ្នាំ  ដោយមានព្រះគ្រូចៅអធិការវត្តចំនួន៥៩អង្គ រួចមកហើយ នឹងបានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលបានសាងសង់ឡើង ដឹកនាំដោយព្រះតេជគុណព្រះគ្រូ ជួន ពេញ ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ  ដែលមាន ឧបដ្ឋានសាលាមួយខ្នងមានទំហំ២០ ម៉ែត្រគុណនិង ៣៣ម៉ែត្រ របងវត្តប្រវែង១៦២ម៉ែត្រ បន្ទប់ទឹកចំនួន៧ បន្ទប់ ចាក់បេតុងក្នុងទីទ្វារវត្តចំនួន៤៧៦០ ម៉ែត្រការ៉េ និងសមិទ្ឋិផលនានា ជាច្រើនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត នឹងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគុណ យោតវិរិយោ ជួន ពេញ និងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជននានា  ដែលបានកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះទុកជាសម្បត្តិបេតិកភណ្ឌរបស់វត្ត និងជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតរៀងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន  ហើយកំពុងមានដំណេីរការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យអាណាចក្រ មានជាអាទិ៍ ស្ពាន ថ្នល់ សាលារៀន ព្រលានយន្តហោះ មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំៗខ្ពស់ៗកប់ពពក  ។ ដោយឡែកក្នុងវិស័យពុទ្ធចក្រ ក៏បានដំណើរការរីកចម្រើនគ្រប់ទីកន្លែង  ដែលបច្ចុប្បន្ននេះវត្តអារាមនៅទូទាំងប្រទេសមានរហូតដល់ទៅជាង៥.០០០វត្ត និងមានព្រះសង្ឃគង់នៅជាង ៧០.០០០អង្គ ។

នៅក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលនានានៅក្នុងទីវត្តអារាមនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំមកនូវថវិការបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រួមជាមួយនឹងក្រុមការងារចុះមូលដ្ឋានស្រុកសណ្តាន់ចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃនៅក្នុងពិធីនេះផងដែរ៕