វគ្គបំប៉នវិធីសាស្ត្របង្រៀន មុខវិជ្ជាអប់រំសុខភាព ដល់លោក នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ ក្រោមពាក្យស្លោក(សុខភាព គឺជាជីវិត ការអប់រំ ដើម្បីអនាគត)

0

កំពង់ធំ÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បើក វគ្គបំប៉នវិធីសាស្ត្របង្រៀន មុខវិជ្ជាអប់រំសុខភាព ដល់លោក លោកស្រីនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១ សរុបចំនួន៥៥នាក់ ស្រី២៨នាក់ មកពីសាលារៀនគោលដៅទាំង២៦សាលា ក្នុងស្រុកសន្ទុក គាំទ្រដោយកម្មវិធីស្បៀងអាហារពេលព្រឹក (WFP) ត្រូវបានធ្វើឡើងរយៈពេល០២ថ្ងៃ គឺចាប់ថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីបើកវគ្គបំប៉ន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោក  សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា តំណាងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានមតិសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំមន្ទីរ ជូនលោកគ្រូ អ្នកគ្រូដែលជាសិក្ខាកាម ។

ជាមួយគ្នានោះ លោកប្រធានការិយាល័យសុខភាពសិក្សា ក៏បានលើកឡើងពី សូចនាករសំខាន់ៗផ្នែកសុខភាពសិក្សា ក្នុងស្តង់ដាសាលារៀនគំរូ និងពីភាពចាំបាច់ក្នុងការយកចិត្តទុកដាក់លើការងារសុខភាព ក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ សុខភាព គឺជាជីវិត ការអប់រំ ដើម្បីអនាគត ដូចនេះគ្រូបង្រៀន បុគ្គលិកអប់រំទាំងអស់ គឺជាប្រតិបត្តករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបចីរភាព។

ទន្ទឹមនឹងនោះលោក នៅ សម ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកសន្ទុក ក៏បានមានមតិសំណេះសំណាល និងសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកក្នុងការទទួលយកចំណេះដឹង និងបទពិសោធថ្មី លើមុខវិជ្ជាអប់រំសុខភាព ដែលជាមុខវិជ្ជាចាំបាច់ សម្រាប់យកទៅបណ្ដុះបណ្ដាលដល់សិស្សានុសិស្ស ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានសុខភាពល្អ និងផ្លាស់ប្ដូរទម្លាប់មិនល្អផ្សេងៗ។ កុមារដែលមានសុខភាពល្អ ពួកគាត់និងបានរៀនសូត្របានទៀងទាត់ពេលវេលា និងងាយទទួលបានចំណេះដឹង ។ បន្ទាប់មកទៀត លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក ក៏បានប្រកាសបើកវគ្គបំប៉នវិធីសាស្ត្របង្រៀនមុខវិជ្ជាអប់រំ សុខភាព សម្រាប់នាយក នាយិកា និងគ្រូបង្រៀនថ្នាក់ទី១ ក្នុងស្រុកសន្ទុក៕អត្ថបទមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប