ខេត្តសៀមរាប៖ ក្រុមអ្នកតាមដានបទល្មើសនេសាទគ្រប់ប្រភេទបានបង្ហាញឲ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់មានដូចជាៈឆក់,ប័រ,អ៊ុយ,រុញស៊ីប,អូសអួន,អូសយ៉ាំងកាវ, សាច់ស្បៃម៉ុងក្រឡាញឹកជាដើម កំពុងកើតមានដូចភ្លៀងរលឹមឡើងវិញនៅតាមមាត់ព្រែកនានាក្នុងភូមិសាស្ត្រ ផ្នែករដ្ឋបាលជលផលចុងឃ្នៀសដែលគ្រប់គ្រងដោយលោកស្រី កែវ សុភក្ត័ ។ទើបគេដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញមួយចំនួនបានទទូលលាភសក្ការៈពីក្រុមឈ្មួញ ជាច្រើននាក់បានប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទទាំងនោះយូរឆ្នាំមកហើយគេសង្កេតឃើញថាដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំផលត្រីកាន់តែថយចុះជាលំដាប់ដែល
បណ្តែតបណ្តោយឱ្យពលរដ្ឋមួយចំនួនបង្ខំចិត្តទទួលទានត្រីចិញ្ចឹមដែលគេយកមកលក់នៅតាមទីផ្សារទៅវិញព្រោះត្រីធម្មជាតិត្រូវបានហិនហោចស្ទើរទាំងស្រុងទៅហើយ បើមិនទប់ស្កាត់ទាន់ពេលវេលា។
ប្រភពបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស,កំពង់ភ្លុក,មេជ្រៃ,ក្រឡាញ់,មានសកម្មភាពបទល្មើសនេសាទជាច្រើនប្រភេទមានដូចជា ប័រ,អ៊ុយ,រុញស៊ីប,អូសអួន,អូសយ៉ាំងកាវ,ស្បៃមុងជាដើម កំពុងកើតមាន ជាយូរឆ្នាំមកហើយ ក្រោមការគ្រប់គ្រងផ្ទាល់របស់លោកព្រិន្ទ សាវិននាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប,នាយផ្នែកចុងឃ្នៀស លោក ស្រី កែវ
សុភ័ក្តនិងផ្នែកក្រឡាញ់ដែលគ្រប់គ្រងដោយលោកចាន់ តុង បានធ្វើឲ្យបទល្មើសកើតឡើងដូចភ្លៀងរលឹម ក្នុងឆ្នាំ២០១៥នេះ ដោយពុំមានចំណាត់ការ របស់អាជ្ញាធរជុំវិញខេត្តនោះទេ ហើយករណីនេះគេបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រពន្ធ័ ។
ប្រភពបានបន្តឲ្យដឹងថា បទល្មើសជាច្រើនប្រភេទ ដែលកើតមានច្រើនជាងគេ គឺនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង,ស្រុកពួក,ស្រុកក្រឡាញ់,និងក្រុងសៀមរាប ក្រោមការគ្រប់គ្រងដោយសមត្ថកិច្ចចម្រុះ ជាពិសេសខាងជំនាញរដ្ឋបាលជលផលដែលមានតួនាទីការពារតំបន់ទាំងនោះឲ្យបានស្ថិតស្ថេរ។ប្រភពបានបន្តទៀតថា ក្រុមអ្នកនេសាទនៅតំបន់នោះតែងតែមិនហ៊ានមើលរំលងសមត្ថកិច្ចខាងលើនេះទេ បើមិនដូច្នេះគេនឹងមានវិធានការបង្ក្រាបយកស្នាដៃជូនថ្នាក់លើមើលលេងជាក់ជាមិនខាន។ប្រភពបានបន្តទៀតថា ទាក់ទិននឹង
ការលើកឡើងខាងលើនេះដែរនាយផ្នែកចុងឃ្នៀស លោក ស្រី កែវសុភ័ក្តបានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៧ខែមិនានេះថា លោកទទួលស្គាល់ថា នៅក្នុងភូមិសាស្ត្រដែលលោកគ្រប់គ្រងគឺពិតជាមានមួយចំនួនមែន ប៉ុន្តែលោកបានឲ្យប្រជានេសាទធ្វើការកែប្រែឡើងវិញគឺពីវែងមកខ្លីបាន៧០%។លោកបន្តថា ចំពោះករណីថា លោកទទួលលុយពីបទល្មើស
នេសាទនោះពិតជាមិនមាននោះទេ តែលោកបានលើកឡើងថា ចំពោះកូនចៅរបស់លោកវិញបានទទួលខ្លះៗដែរ។ជុំវិញករណីចោទប្រកាន់ខាងលើនេះដែរ លោកព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មិនអាចសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី០៧ខែមិនា ជុំវិញបញ្ហាបទល្មើសនេសាទដែលកើតមានពេញផ្ទៃបឹងទន្លេសាបនៃខេត្តសៀមរាបដោយទូរស័ព្ទរបស់លោកហៅចូលគ្មានលើក។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៏តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៥ថា ករណីបទល្មើសនៅក្នុងក្រុងសៀមរាបមិនអាចសុំការពន្យល់បំភ្លឺបានទេដោយសារលោកកំពុងជាប់រវល់ប្រជុំ។
គេនៅទន្ទឹងរងចាំមើលថា តើលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចមានចំណាត់ការបែបណាព្រមទាំងធ្វើការដុសក្អែលមន្ត្រី ក្រោមឱវាទមួយចំនួនដែលប្រព្រឹត្តិអំពើពុករលួយ ធ្វើយ៉ាងណាដើម្បីឲ្យផលត្រីកើនឡើងវិញនិងជាពិសេសអង្គភាពប្រឆាំង
អំពើពុករលួយត្រូវបង្កើនការតាមដាននូវរាល់បទល្មើសផ្សេងៗព្រមទាំងចាត់វិធានការក្តៅណាមួយដូចជាដុះក្អែលទៅលើមន្ត្រីជំនាញមួយចំនួនដែលទទួលសំណូកពីបទល្មើសនេសាទ ដែលហ៊ានអនុវត្តផ្ទុយពីផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
កាលពីពេលកន្លងទៅថ្មីនេះសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបបទល្មើសនេសាទនៅតំបន់ទន្លេសាប យ៉ាងក្តៅគគុកប៉ុន្តែនៅពេលថ្មីៗនេះ ត្រូវបានគេរាយការមកថា កំពុងកើតមានដូចភ្លៀងរលឹមទៀតហើយ ដូច្នេះ គេដាក់ការសង្ស័យថា ក្រុមការងារសមត្ថកិច្ចដែលចុះបង្ក្រាបកន្លងទៅ ហាក់បីដូចដេញត្រីចូលស៊ង ដើម្បីរង់ចាំប្រមូលប៉ុណ្ណោះ ដូចពាក្យចាស់លោកពោលថា មាន់ពងក្នុងជង្រុកស្រូវ វាលែងអីនឹងមិនស៊ីស្រូវ។
គួរបញ្ជាក់ផងដែរថា នៅតំបន់ចុងឃ្នៀសមានអ្នកនេសាទល្មើសច្បាប់ប្រភេទ យ៉ាំងកាវ រុញស៊ីបដែលជាជនជាតិវៀតណាមសុទ្ធសាធប្រកបរបរនេះ ដោយគេដឹងថា ជារបរដ៏ធំមួយអាចរកចំណូលបានច្រើនជាគរក្នុងមួយថ្ងៃៗ ហើយពួកគេក៏បានបង់លុយឲ្យសមត្ថកិច្ចចំរុះជា ពិសេសខាងជលផលជាដើម។ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីជំនាញរដ្ឋបាលជលផលនិង
កងកម្លាំងប្រដាប់អាវុធជាពិសេសអាជ្ញាធរដែនដីត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ពិតជាមានភាពកំសោយក្នុងការចុះបង្ក្រាបម្តងៗ ទើបធ្វើឲ្យបទល្មើសចេះតែមានជាហូរហែ ខណៈមានប្រភពបង្ហើបថា សមត្ថកិច្ចខាងលើទទួលផលពីឈ្មួញប្រព្រឹត្តបទល្មើសនេសាទទាំងនោះរាប់លានរៀលក្នុងមួយខែៗជាថ្នូរនឹងការមិនចុះបង្ក្រាប៕