​ម៉ូតូ​បុក​ជាមួយ​រថយន្ត​នៅ​ក្រុង​តាខ្មៅ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​

0

ខេត្តកណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​FTR​បើក​បុក​ជាមួយ​រថយន្ត​ទួរីស​១២​កៅអី កាលពី​វេលា​ម៉ោង​២៣ និង​៥០​នាទី ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤ ចំណុច​ម្តុំ​ផ្ទះ​លក់​គ្រឿងសំណង់​យីហោ​ព្រុំ ភារ​ម្យ ស្ថិតក្នុង​ភូមិ​ព្រែក​សំ​រោស​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ពេល​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​បុរស​២​នាក់​ទៀត​ជា​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​យ៉ង​ធ្ងន់ធ្ងរ​។​

​ ​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ចូនទៅ​មន្ទីរពេទ្យ​នោះ​មានឈ្មោះ សែម ចាន់​ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែ​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ជាមួយ​២​នាក់​ដែល​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ ខា ឈី​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ ឃ្លឿ​ន ហុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហ៊ីង ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​FTR ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុប​គ្នា​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ពី​ស្រុក​ស្អាង​ទៅ​ក្រុង​តាខ្មៅ​) ខណៈ​បើក​មកដល់​ចំនុចកើតហេតុ​ពុំ​ដឹង​ជាមាន​រឿង​អ្វី​នោះទេ​ម៉ូតូ​ក៍បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ផុត​គំនូស​ពុះ​ចែក​ទ្រូងផ្លូវ​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​១២​កៅអី ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២K-៤៤៩០ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពី​កើតហេតុ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់ ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​តាខ្មៅ ហៅ​រថយន្ត​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ តែ​ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ ក៍បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ​ធ្វើ​កំណត់ហេតុ​ដកហូត​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​New Picture (7) New Picture (6)