​តុលាការ​អាច​ប្រើប្រាស់​កងកម្លាំង​សាធារណៈ​នាំខ្លួន លោក កឹម សុខា បន្ទាប់ពី​មិន​ចូល​បំភ្លឺ

0

 

ភ្នំពេញ: លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទបដិសេធក្នុងការចូលខ្លួន ពុំបានបង្ហាញខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នោះទេ នៅថ្ងៃទី១៤ ខែមិថុនា នេះ ។ មន្ត្រីតុលាការថ្លែងថា តុលាការអាចចេញដីកាបង្គាប់ឲ្យនាំខ្លួន លោក កឹម សុខា ដោយប្រើប្រាស់កងកម្លាំងសាធារណៈ ។មន្ត្រីតុលាការ ថ្លែងថា ក្រុមមេធាវី៤រូបការពារឲ្យលោក កឹម សុខា គឺ លោក ហែម សុជាតិ លោក ជូង ជូងី លោក សំ សុគង់ និង លោកស្រី ម៉េង សុភារី កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា បានដាក់លិខិតមួយច្បាប់ទៅលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ខ្លឹមសារលិខិតនេះ បញ្ជាក់ថា លោក កឹម សុខា ពុំអាចចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការបានទេ ដោយមូលហេតុលោក កឹម សុខា មានអភ័យឯកសិទ្ធិសភា ។

ពាក់ព័ន្ធករណីនេះ កាលពីពេលកន្លងទៅ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានបញ្ជាក់ថា អភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ដែលការពារដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ មិនបានការពារអំពីការកោះហៅរបស់តុលាការនោះទេ ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញ វាក្យខណ្ឌទី២ ចែងថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬ ពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។

គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។

ជាមួយគ្នានេះ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី ភ្នំពេញ បាន ផ្ញើ របាយការណ៍ បី ទំព័រ ជូន ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទង នឹង ការចោទប្រកាន់ លើ លោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម ។

ព្រះរាជអាជ្ញា បាន អះអាងថា អនុប្រធាន គណបក្ស ស ង្គ្រោះ ជាតិ បាន ប្រព្រឹត្ត បទល្មើស ជាក់ស្តែង ពីបទ « បដិសេធ ក្នុងការ ចូលខ្លួន » ក្នុងនាម ជា សាក្សី ។photo_2016-07-16_06-40-53

របាយការណ៍ ដែល រៀបចំ ដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង និង ពិនិត្យ ដោយ លោក ព្រះរាជអាជ្ញា យ៉េត ចរិយា កាលពី ថ្ងៃទី ២៦ ខែឧសភា បាន រៀបរាប់ថា លោក កឹម សុខា បាន ប្រព្រឹត្ត បទល្មើស ជាក់ស្តែង តាម មាត្រា ៥៣៨ នៃ ក្រមព្រហ្មទណ្ឌ ដោយបាន បដិសេធ ការកោះហៅ ចូល បំភ្លឺ ក្នុងនាម ជា សាក្សី រហូតដល់ ទៅ ២ លើក ។

ជាមួយគ្នានេះ ព្រះរាជអាជ្ញា បានលើកឡើង ពី មាត្រា មួយចំនួន ប្រាប់ សម្តេច ប្រធានរដ្ឋសភា ទាក់ទង នឹង ចំណាត់ការ តាម ចាប់ខ្លួន លោក កឹម សុខា ដែល មិនបាន ចូលខ្លួន ក្នុងនាម ជា សាក្សី លើ សំណុំរឿង សញ្ចារកម្ម តាមរយៈ ការបញ្ជាក់ មូលហេតុ មិន សមស្រប ។

ជាមួយនឹង ការសម្រេច ចោទប្រកាន់ លោក កឹម សុខា ពីបទ « បដិសេធ ក្នុងការ ចូលខ្លួន » និង បាន បញ្ជូន សំណុំរឿង ទៅ ចៅក្រម ស៊ើបសួរ លោក យ៉េត ចរិយា បានស្នើ ដល់ សម្តេច ហេង សំរិន ចាត់ នីតិវិធី បន្ត តាម ការចាំបាច់ ៕