រដ្ឋបាលស្រុកសេសាន សម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង៥០០ម៉ែត្រ

0

ខេត្តស្ទឹងត្រែង៖ ផ្លូវបេតុង១ខ្សែ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី៣១មករានេះ ស្ថិតនៅកាតូត ឃកំភុន ស្រុកសេសាន ។ក្នុងឱកាសសម្ភោធផ្លូវបេតុងនេះ ធ្វើឡើងដោយមានការអញ្ជើញចូលជាកិត្តិយស និងកាត់ខ្សែបូពីសំណា ក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងគ្រប់មន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
ក្នុងនោះ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ស្នើឲ្យប្រជាពលរដ្ឋជនជាតិភាគតិចព្រៅនៅភូមិកាតូតនោះ សូមឲ្យរួមគ្នាការពារព្រៃឈើនិងសម្បត្តិធម្មជាតិនានាដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទងរក្សានូវប្រពៃណីវប្បធម៌ពីដូនតារបស់បងប្អូនជនជាតិព្រៅ ឲ្យបានយូរអង្វែងផងដែរ ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថាៈផ្លូវ១ខ្សែនេះ ជាប្រភេទផ្លូវបេតុងអាមេ មានប្រវែង៥៦៧ម៉ែត្រ និងមានទទឹង៦ម៉ែត្រ ស្ថាបនាដោយមូលនិធិស្រុក និងមូលនិធិឃុំ ឆ្នាំ២០២០ ។

លោកថាៈដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជន ជាពិសេសបងប្អូនជនជាតិព្រៅ ក្នុងការប្រើប្រាស់ផ្លូវ១ខ្សែនេះ ដោយត្រូវឆ្លងកាត់ការលំបាកឡើងជំរាលភ្នំរអិលស្ទើរឡើងពុំរួច ពិបាកដឹកកសិផល សិស្សានុសិស្សពិបាកធ្វើដំណើរ ដូចនេះហើយទើបបានជាក្រុមប្រឹក្សាស្រុកសេសាន បានផ្តល់ទំនុកចិត្តអនុម័តរៀបចំគម្រោងសាងសង់ផ្លូវបេតុងនេះឡើង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិកាតូតទាំងមូលដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ភោធផ្លូវនេះ ពួកគាត់បានសម្តែងថាៈផ្លូវនេះពីមុនពិបាកធ្វើដំណើរទាំងប្រាំង និងវស្សា ពេលភ្លៀងរអិល ហើយខែប្រាំងដីហុយ ដើរក៏រអិល ជិះម៉ូតូក៏ពិបាក ក្រោយពីទទួលបានផ្លូវថ្មីហើយ ពួកគាត់ស្រួលធ្វើដំណើរ ទាំងទៅទាំងមក ទាំងដឹកកសិផល ជាពិសេសសិស្សសាលា គឺបានស្រួលក្នុងការធ្វើដំណើរទៅរៀនដោយមិនភ័យព្រួយពីផ្លូវលំបាកទៀតឡើយ ៕