លោកជំទាវ លំ គន្ធារី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកស្ទោង ក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកសណ្ដាន់ ក្រុមប្រឹក្សាឃុំរដ្ឋបាលស្រុកបារាយណ៍ និងក្រុមប្រឹក្សាឃុំនៃរដ្ឋបាលស្រុកតាំងគោក។ សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ បានចប់សព្វគ្រប់ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរង បានលើកឡើងពី ដើម្បីសម្រេចបានគោលបំណងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ ២០២១-២០៣០)។ ដោយផ្ដោតការយកចិត្តទុកដាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ ភាពធន់ ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពជានិរន្តរ៍។

ប្រសាសន៍ចុងក្រោយរបស់លោកជំទាវ សូមឱ្យវគ្គបណ្ដុះបណ្ដាលតម្រង់ទិសក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវតែខិតខំកែប្រែឥរិយាបថរបស់ខ្លួនក្នុងការបំពេញតួនាទីឱ្យមានលក្ខណៈល្អប្រសើរ។ ត្រូវមានភាពជាតំណាងសាធារណៈស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់ការចូលរួមការឆ្លើយតប និងគណនេយ្យភាព ការលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាជននៅមូលដ្ឋាន។ បន្ថែមពីនេះទៀតសូមក្រុមប្រឹក្សាឃុំសង្កាត់យកទៅអនុវត្តតាមមូលដ្ឋានឲ្យបានល្អប្រសើរពិសេសគឺផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមត្ថភាព និងជំនាញដែលខ្លួនបានសិក្សារយៈពេល២ថ្ងៃកន្លងមកនេះ។