ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តប្រគល់អាវនិងមួកចំនួន១.០០០ឈុត ជូនដល់គណបក្សឃុំ សាខាបក្សភូមិ

0

កំពង់ធំ៖  ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់គណបក្សឃុំ សាខាបក្សភូមិ នឹងបានប្រគល់អាវនិងមួកសញ្ញាគណបក្សប្រជាជនកម្ពុជា ចំនួន១.០០០ឈុត ជូនដល់គណបក្សឃុំ សាខាបក្សភូមិ ដើម្បីប្រុងប្រៀបរៀបចំបម្រើការឲ្យក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣.។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង  បានរាយការណ៍សភាពការណ៍នៅក្នុងឃុំ និងការកសាងពង្រឹង និងពង្រីកសមាជិកគណបក្សថ្មី បច្ខុប្បន្នមានសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងឃុំ៦៨.០៧ភាគរយ ក្នុងចំណោមប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឃុំ និងបានអគុណ ឯកឧត្តម សោម ស៊ុន និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយគ្រប់បែបយ៉ាង ជូនសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងឃុំ ដែលមានបញ្ហាលំបាកខ្វះខាត ។

ឯកឧត្តម សោម ស៊ុន បានកោតសរសើរ ក្រុមការងារគណបក្ស និងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិបានសហការគ្នាល្អ ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងសមាជិកគណបក្សនៅតាមមូលដ្ឋាននានានៅក្នុងភូមិ ឃុំ ក្នុងឳកាសនេះ ក៏បានប្រគល់អាវនិងមួក១.០០០ឈុត ជាថ្មីម្តងទៀត ដែលជាលើកទី២ បន្ទាប់ពីបានប្រគល់លើកទីមួយចំនួន ៤៥០អាវនិងមួក នាពេលកន្លងមក  និងបានណែនាំនូវផែនការចាំបាច់ តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកម្មវិធីការងាររបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលត្រូវអនុវត្តតាមដំណាក់កាលនីមួយៗ ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ឲ្យទទួលបានជោគជ័យ និងបានសំណូមពរដល់ក្រុមការងារចុះមូលដ្ឋានឃុំភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ត្រូវរួមសាមគ្គីភាពឯកភាពគ្នាខ្ពស់ បន្តទៅបម្រើប្រជាជន ដោះស្រាយនូវរាល់សំណូមពរ បញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជនយើង ឲ្យទាន់ពេលវេលា។

ឯកឧត្តម សោម ស៊ុន បានក្រើនរំលឹកដល់ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកបក្សដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពមិនអាចទៅបោះឆ្នោតបាន  ដើម្បីបំពេញឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ណ ធានាឱ្យសមាជិកបក្សយើង ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា កុំបីខានឡើយ៕