លោក សេង សារ៉ាត បានថ្លែងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវតែធ្វើឡើងជាសាធារណៈ មានតម្លាភាព និងលុបបំបាត់ឱ្យខានតែបានចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ

0

(កំពង់ធំ)÷ ការថ្លែងបែបនេះរបស់លោក សេង សារ៉ាត អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំសាគ្រាម នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។

លោក ខៀវ ប៉ាង ក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។

លោក សេង សារ៉ាត បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ដោយឡែកអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

លោកលោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក ក៏បានបន្ថែមថា ចំពោះអាជ្ញាធរឃុំទាំង០៧ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕