សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរៀបចំពិធីទទួលអំណោយសប្បុរសជន ដើម្បីរួមចំណែកក្នុងការផ្តល់សេវាមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលងាយរងគ្រោះ

0

(កំពង់ធំ) ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ចើញជាអធិបតី ទទួលអំណោយមនុស្សធម៌ ពីឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងសប្បុរសជននានាក្នុងខេត្ត ដែលបានឧបត្ថម្ភសម្ភារ ឬថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»។

នេះជាសកម្មភាពដ៏ថ្លៃថ្លា ដែលបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក ដើម្បីចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ។

ឯកឧត្តម ងួន រតនៈ បានបន្តសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។

ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត បានបន្តថា ៖ ពិធីទទួលថវិកាសប្បុរសធម៌ ក្នុងឪកាសអបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការ ចូលរួមគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនោះក្នុងនាមឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងសហការីទាំងអស់ បានសន្យា នឹងយកថវិការបស់សប្បុរសជនទាំងអស់ទៅចាត់ចែងទៅតាមគោលការណ៍របស់សាខា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងអ្នកដែលត្រូវការជំនួយចាំបាច់ ហើយសូមគោរពជូនពរសប្បុរសជនទាំងអស់សូមរកស៊ីទទួលទានមានបាន សុខសុភមង្គល ឈ្នះអស់មារសត្រូវ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។