បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ចជូនដល់កងកម្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ 

0

ខេត្ត​កំពង់ធំ. នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រគល់ផែនការ និងភារកិច្ច ជូនដល់កងកម្លាំងក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងផ្សព្វផ្សាយក្រមសីលធម៌ សម្រាប់កងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានផែនការ សហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយបានគូសបញ្ជាក់អំពីការប្រើប្រាស់កម្លាំងអន្តរាគមន៍ នៅថ្នាក់ខេត្ត និងនៅតាមបណ្តាផ្នែកសឹករង កងវរសេនាតូច ព្រមទាំងភារកិច្ចជាក់ស្ដែង ដែលត្រូវអនុវត្តនៅតាមបណ្ដាកងឯកភាពនីមួយៗ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ និងជោគជ័យក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីចំនួនគណបក្សនយោបាយ ដែលត្រូវចូលរួមបោះឆ្នោតតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួន១៨គណបក្ស នយោបាយ ដោយឡែកនៅខេត្តកំពង់ធំ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានចំនួន១៥ គណបក្ស និងមានចំនួន១.១៥២ការិយាល័យបោះឆ្នោត ដែលស្ថិតនៅលើ៨១ឃុំ.សង្កាត់របស់ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវត្រៀមបម្រុងគ្រប់វិស័យក្នុងការអនុវត្តតាមផែនការសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមបោះឆ្នោត ។ ព្រមជាមួយនោះ គ្រប់បណ្ដាកងឯកភាពនិងស្ថាប័នចំណុះ ត្រូវអប់រំរៀនសូត្រដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់យោធិនគ្រប់រូប ព្រមទាំងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមខ្លួននិងឯកសារគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោត ជូនគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ៕