សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ​

0

កំពង់ចាម​:​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានថ្លែងថា​ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច​តេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ២០បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។​

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែង​អំណរគុណ​ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នកស្រុកស្រីសន្ធរ ដែលតែងជឿ ជាក់លើរាជរដ្ឋាភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេស តាមរយៈ ការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ហ៊ុន​ សែន​ ដែលជាមេដឹកនាំប្រកបដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និងបទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និងនៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ​ ។

ជាមួយគ្នានោះ​ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល  ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ ។ ព្រមទាំង​បាន​សម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សានុសិស្សជំនាន់ក្រោយៗទៀត។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ៕