ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី 

0

ខេត្ត​កំពង់ធំ. នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន១២គ្រួសារ ដែលអញ្ជើញមកពីស្រុកកំពង់ស្វាយចំនួន៦គ្រួសារនិងក្រុងស្ទឹងសែនចំនួន៦គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា  ជាមួយនោះដែរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានសូមផ្ដាំផ្ញើជូនពរដល់បងប្អូនអតីតយុទ្ធជនរបស់យើង សូមឱ្យមានសេចក្តីសុខ សេចក្តីម្រើន និងសុខភាពល្អ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឲ្យនៅគង់វង្សជារៀងរហូត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ​ និងខិតខំប្រកបរបរសុចរិត​ទៀងត្រង់​  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ​ ចិញ្ចឹមសត្វ​  ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ។ ហើយ​ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។​
ជាមួយ​នេះ​ផងដែរ​ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីទាំងអស់​  ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ  ឲ្យបានគ្រប់ៗគ្នា កុំបីខានឡើយ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស  ទឹកត្រីទឹកស៊ីអីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕