កន្ទេលធំបន្លំដេក ត្រាក់ទ័រភ្ជួររាស់ដីស្រែ នៅឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង÷ករណីត្រាក់ទ័រភ្ជួរាស់ដីស្រែ នៅឃុំសំរោង សែន ស្រុកកំពង់លែង វាក្លាយជាកន្ទេលធំបន្លំដេក របស់សមត្ថកិច្ចនៅស្រុកនោះ ក្រោមលេស “ជិតបោះឆ្នោត” ប៉ុន្តែយកលុយពេញៗដៃ និង
ជាឱកាស ឱ្យជនខិលខូចឈូសឆាយដីព្រៃ “ដីថ្មី” ក្រៅតបន់អនុក្រិត្យ ភ្លែតដែរ។
ថ្មីៗនេះ ដីព្រៃ “ដីថ្មី” ក្រៅតំបន់អនុក្រិត្យរាជរដ្ឋាភិបាលកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ ជាច្រើនកន្លែងត្រូវបានរងការឈូសឆាយ រួមទាំង តំបន់អភិរក្ស ចំណុចកង់រទេះ នៅបឹងផ្សោតមួយកន្លែងផងដែរ។
យោងតាមប្រភពប្រភពព័ត៌មាន ពីឃុំសំរោងសែន បានឱ្យដឹងថា ត្រាក់ទ័រភ្ជួររាស់ ដែលមានប្រដាប់រុញពីមុខផងនោះ មានពី៧ទៅ៨ក្រុម សរុបប្រមាណជិតគ្រឿង ៤០គ្រឿង នៅឃុំសំរោងសែន ក្នុងនោះមាន២ក្រុម ស្មើនឹង២ម្ចាស់(សុំមិនបញ្ចេញឈ្មោះ) ដែលមានត្រាក់ទ័រច្រឿនជាងគេ គឺពី៨ ទៅ១២គ្រឿង។
ប្រភពនេះ បន្តថា ក្រុមនោះហើយ ដែលលួចឆ្មក់វ៉ៃដីព្រៃ នៅពេលថ្ងៃ ជួននៅពេលយប់ គឺក្រុមត្រាក់ទ័រ ម្ចាស់ឈ្មោះ អូន និងប្ដី ឈ្មោះធា នៅភូមិប៉ប្រក់ ឃុំសំរោងសែន ។
ក្រុមត្រាក់ទ័រ ឈ្មោះអូន នេះ ត្រូវបានសមត្ថកិច្ច ក្រុមប្រដាប់អាវុធ ដែលអ្នកស្រុកនោះហៅថា ជាដៃស្ដាំរបស់ស្រុកនោះ ទាន់ពីរដងហើយ ក្នុងការឈូសឆាយដីព្រៃ ក្រៅតំបន់អនុក្រិត្យនេះ គឺលើកទី០១ នៅរសៀលម៉ោង១ និង២០នាទី ថ្ងៃទី២៤ ខែឧសភា នៅខាងជើងបឹងមន្ទិល គេផ្អឹមទុកនៅនឹងកន្លែង មិនរាយការណ៍ទៅជំនាញ និង អភិបាលស្រុកឡើយ ។
ខណ:នោះ អង្គភាពព័ត៌មាន ហៅទូរស័ព្ទសម្ភាសន៍ ទៅ ឯកឧត្តមអភិបាលស្រុកកំពង់លែង និងនាយខណ្ឌ រដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង សុទ្ធតែឆ្លើយថា អត់ដឹង …
កន្លងផុតមួយល្ងាច និងមួយយប់ លុះព្រឹកឡើងថ្ងៃទី ២៥ ទើបរដ្ឋបាលស្រុកកំពង់លែង ឆ្លើយថា គឺបានសួរទៅអធិការ គឺមានករណីនេះមែន តែដោះលែងនៅនឹងកន្លែង ដោយធ្វើកិច្ចសន្យាអប់រំ ។
លើកទី០២នៅយប់ពាក់កណ្ដាល់អាធ្រាត្រ ថ្ងៃទី០៦ ខែមិថុនា នេះ គឺឈូសឆាយ នៅចំណុចតាសែត ភូមិប៉ប្រក់ “នេះ ! បើយោងតាម ការឱ្យដឹងពីសហគមន៍ឃុំសំរោងសែន” ហើយត្រាក់ទ័រនោះ កំពុងរក្សាទុក នៅសាលាឃុំ។
ឯលោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំងថា ករណីនេះ លោកកំពុងចាត់ការ។
ករណីត្រាក់ទ័រភ្ជួររាស់ដីស្រែ របៀបត្រីងៀតឆ្លៀតពង ទៅសំពង “ដីព្រៃថ្មី” ក្រៅតំបន់អនុក្រិត្យនេះ ក្រោមលេសកន្ទេលធំបន្លំដេក របស់សមត្ថកិច្ចស្រុកកំពង់លែង ជាពិសេសក្រុមដើរល្បាតនេះ គឺគ្មាន ត្រាក់ទ័រណាមួយអាចរួចខ្លួនពីបងលុយ ឬសន្យានឹងបង់លុយឱ្យ ពួកគេឡើយ គឺមួយ០១គ្រឿងៗ សរុបរាប់លានរៀល ឯត្រាក់ទ័រ របៀបត្រីងៀតឆ្លៀតពង គឺគិតតម្លៃផ្សេងបន្ថែមទៀត។
មានអង្គភាពខ្លះ ចំណែកមេផង , រងផង និងអ្នករុកព្រៃផង រួមទាំងឃុំប៉ុស្តិ៍ សុទ្ធតែមានចំណែក ឯម្ចាស់គ្រឿងចក្រថ្ងូររហ៊ឹសថា បើបានធ្វើដីព្រៃវា មិនអីទេ តែពួកគាត់ធ្វើតែដីស្រែ តែប៉ុណ្ណោះ។
ករណីនេះ លោក លី ឡា នាយខណ្ឌ ជលផល កំពង់ឆ្នាំង ធ្លាប់បានប្រាប់ថា គោលនយោបាយរាជរដ្ឋាភិបាល មិនហាមត្រាក់ទ័រភ្ជួររាស់ដីស្រែនោះទេ ឱ្យតែមានការពិនិត្យត្រឹមត្រូវ របស់សមត្ថកិច្ច។ផ្ទុយទៅវិញមានតែលើកទឹកចិត្ត និងបង្កលក្ខណ:ឱ្យប្រជាពលរដ្ឋបង្កបង្កើនផល។
ឯកឧត្តមអភិបាលស្រុកកំពង់លែង យ៉ែម លក្ខិណា បានប្រាប់ថា លោកមិនបានដឹងរឿងនោះទេ ការដឹកនាំរបស់លោក ផ្អែកតាមការណែនាំ របស់ឯកឧត្តមអភិបាលខេត្ត និងគោលនយោបាយរាជ រដ្ឋាភិបាល គឺសម្ដេចតេជោ ដឹងតែប្រឹងប្រែងបម្រើប្រជាជន ដោយក្ដី អាណិតស្រឡាញ់ប្រជាជនពិតៗ និងប្រឹងអភិវឌ្ឍ លើគ្រប់វិស័យក្នុងស្រុក។
មតិប្រជាជននិយាយថា ស្នៀតកន្ទេលធំបន្លំដេក នៃមន្ត្រីនេះ វាគ្រាន់តែប្រយោជន៍ផ្ទាល់ខ្លួន និងជនខិលខូចពីរបីនាក់នោះតែប៉ុណ្ណោះ…វាមិនបានបំពេញចិត្តប្រជាជនទូទៅនោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យប្រជាជនច្រើនលើសលប់ មើលឃើញពីទង្វើមិនប្រក្រតីនៃការដឹកនាំ នៅមូលដ្ឋាននោះទៀតផង។
ចង់មិនចង់ នៅពេលដែលសមត្ថកិច្ចទៅបង្ក្រាប ជនខិលខូច ពីរបីនាក់នោះ អាចញ៉ុះញុង ឱ្យមានការយល់ច្រឡំពីប្រជាប្រិយភាព គោលនយោបាយ ដឹកនាំ នៅក្នុងមូលដ្ឋានផងដែរ ប៉ន្តែទោះ ជាយ៉ាងណាក្ដី ប្រជាជនបានឃើញពីសច្ចភាពពិតប្រាកដ ពីគោលនយោបាយគណបក្សប្រជាជន កម្ពុជា ដែលសម្ដេចតេជោ ជាប្រមុខ ក្នុងការគិតពីសុខទុក្ខ ប្រជាជនគ្រប់កាល:ទេស: ដូចជាកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់អាស្រ័យផលពិត ជូនប្រជាពលរដ្ឋ ប៉ុន្តែក៏ត្រូវអនុវត្តន៍ច្បាប់ការពារធនធានធម្មជាតិ ទុក ជាសម្បត្តិរួមទាំងអស់គ្នា និងក្មេងជំនាន់ក្រោយផងដែរ៕

ត្រាក់ទ័រ ភ្ជួររាស់ដី ស្រែ នៅឃុំសំរោងសែន  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងជិត៤០គ្រ ក្នុង ០១គ្រ ខាងស្រុក១លានរៀល អធិការយកពី ៦០ម៉ឺន ទៅ១លាន ក្នុងមួយម្ចាស់តាមតិច តាមច្រើន ,អធិការរង ផែនព្រហ្មទណ្ឌ យកផ្សេង អ្នករុកព្រៃ”ដើរល្បាត” ឈ្មោះធឿន យកផ្សេង ,ប៉ុស្តិ៍ និងឃុំយកផ្សេង ។

យោធាផ្នែកសឹករងស្រុកក៏អញ្ចឹងដែរ ឯគ្រឿងចក្រ ឈូសឆាយក្រៅតំបន់អនុក្រិត្យ ដែលរាជរដ្ឋាភិបាលកាត់ឆ្វៀល គិតថែមផ្សេងទៀត។

បើឈូសឆាយដីព្រៃ គឺគេគិត ជាមួយអ្នកដើរល្បាត និងមូលដ្ឋាន គិតតាមម៉ោងផ្សេងទៀត លឺថា ម៉ោង១០០$.៕