ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ រយៈពេល៤៤ឆ្នាំ មក នេះ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាជន ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ឈានមកដល់ អភិវឌ្ឍន៍លើគ្រប់វិស័យ

0

កំពង់ចាម : ក្នុង ឱកាស បិទ យុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម បានថ្លែងថា រយៈពេល៤៤ឆ្នាំ មក នេះ គណបក្សប្រជាជន កម្ពុជា បានរួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជន ប្រឹងប្រែងជម្នះ គ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញប្រកប ដោយ មោទនភាព។
ក្នុង ឱកាស នោះ ដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឆ្លងកាត់ ស្ថានការណ៍លំបាកនានា ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ ១៩ ការខិតខំរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងអំទ្បុងនៃជំងឺរាតត្បាតនេះ ការខិតខំរក្សាទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា និងផលប៉ះពាល់ លើសេដ្ឋកិច្ចពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ។ល។ ជាពិសេស រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់រក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ សមិទ្ធផល ថ្មីៗលើគ្រប់វិស័យនេះ បានកើតឡើងឥត ឈប់ឈរនៅគ្រប់ទិសទី មានផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ត្រូវបានកសាង ពង្រីក ទាំងនៅទីក្រុង ទាំងនៅជនបទ និង តំបន់ព្រំដែន។ អាស្រ័យហេតុនេះ យើងត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតា បាចផ្កា លេខរៀងទី ១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត និងគំាទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ។

គួរបញ្ជាក់ថា ថ្ងៃ បិទ យុទ្ធនាការ ឃោសនា បោះឆ្នោត នៅ ក្រុងកំពង់ចាម នេះ គឺ មាន ការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ, ឯកឧត្តម ហោ ណាំហុង សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ព្រមទាំងបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះជួយក្រុងកំពង់ចាម និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ជាង ៦០០០នាក់ ដោយឡែក នៅ តាម បណ្ដា ស្រុក ចំនួន ៩ទៀត ក៏មាន ប្រជាពលរដ្ឋ ចូលរួម យ៉ាង ច្រើន កុះករ ផងដែរ ៕