លោកគ្រូ ម៉ាក់ សាននី  បានដឹកនាំសិស្សចំណាត់ថ្នាក់ល្អលេខ ១ដល់លេខ ៥ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃអនុវិទ្យាល័យ ព្រៃព្រាល ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រសាទអង្គរវត្ត ខេត្តសៀមរាប 

0

 កំពង់ធំ÷នៅថ្ងៃទី០៨ ខែ ខែមីនា ឆ្នាំ២០២៤លោកគ្រូ ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល និងលោកគ្រូអ្នកគ្រូ បានដឹកនាំសិស្សានុសិស្សចំណាត់ថ្នាក់ល្អប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២២នាក់ ធ្វើទស្សនកិច្ចសិក្សា ទៅកាន់ប្រសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីសិក្សាពីប្រវត្តិសាស្ត្រប្រាំងប្រាសាទនីមួយៗ ក្នុងការផ្សារភ្ជាប់ទៅនិងការសិក្សារបស់សិស្ស។

លោកគ្រូ ម៉ាក់ សាននី បានលើកឡើងថា សិស្សានុសិស្សដែលរៀននៅសាលាអនុវិទ្យាល័យ ព្រៃព្រាល ជាសិស្សដែលយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដូច្នេះហើយក្នុងនាមជានាយកសាលា លោកគ្រូអ្នកគ្រូ ចង់ឱ្យសិស្សមានបទពិសោធន៍ក្នុងការស្រាវជ្រាវពីប្រវត្តិសាស្រ្តប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា។ ពិសេសប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប ដែលមានប្រាសាទបុរាណ រមណីយដ្ឋានទេសចរណ៍ ជាច្រើនដែលជាអរិយធម៌របស់ខ្មែរតាំងពីបុរាណកាលមក ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ។

លោកគ្រូនាយកអនុវិទ្យាល័យ ព្រៃព្រាល បានបន្ថែមទៀតថា សូមសិស្សានុសិស្សដែលមកទស្សនកិច្ចសិក្សានេះ យកចិត្តទុកដាក់ជាមួយលោកគ្រូដែលមានជំនាញបង្ហាញពីប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្ត និងកន្លែង កម្រាន្តជាច្រើនទៀត ដើម្បីយកទៅសិក្សាស្រាវជ្រាវបន្ថែម ក្នុងការជួយពន្យល់ណែនាំដល់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួន បងប្អូនក្នុងក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងពីប្រពៃណីទំនៀមទម្លាប់ និងអរិយធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើងផងដែរ។

ជាចុងក្រោយលោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល បានផ្ដាំផ្ញើលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានខិតខំ មកទស្សនកិច្ចសិក្សានៅប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តនេះ ដើម្បីឱ្យស្គាល់ពី ការកសាងនៅឆ្នាំណា ចំនួនទីតាំងប្រាសាទមានប៉ុន្មានកន្លែង មានប្រាសាទអ្វីខ្លះ និងចំនួនភ្ញៀវជាតិអន្តរជាតិមកទស្សនាក្នុងមួយឆ្នាំៗ។ សូមយើងទាំងអស់គ្នាចូលរួមថែរក្សានៅសម្បត្តិវប្បធម៌របស់ខ្មែរបានគង់វង្សទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងយល់កាន់តែច្បាស់ពីប្រវត្តិនៃប្រាសាទអង្គរវត្តបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា សម្រាប់ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សមាន៤កន្លែងទីតាំងធំៗគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី និងរមណីយដ្ឋានបារាយណ៍ទឹកថ្លា។ អត្ថបទលោក ធូ កែវមុន្នី