នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនត្រូវបានប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង បំពាក់ឋាន្តរស័ក្តិនិងប្រគល់លិខិតសរសើរជូន

ប៉ៃលិន ៖នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង បំពាក់ឋាន្តរស័ក្តិ និងប្រគល់លិខិតសរសើរ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តនិងដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត និងសមាជិកសមាជិកាផងដែរ។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានថ្លែងថា៖ ដោយមានការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តការងារ ទទួលបានជោគជ័យ និងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំបានសម្រេចប្រគល់ភារកិច្ចថ្មី និងដំឡើងឋានន្តរសក្តិ ជូនដល់បងប្អូនកងរាជអាវុធហត្ថយើង។

លោកឧត្តមសេនីយ៍ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនអាវុធហត្ថខេត្តទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្តដើរតាមមាគ៌ាដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារប្រកបដោយក្រមសីលធម៌ គោរពវិន័យ បទបញ្ជា គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ថែរក្សាការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សរីកចម្រើន តទៅមុខជានិរន្ត។ ជាពិសេសត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាតនោះឡើយ ។ ហើយជាពិសេសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។
ទទ្ទឹមនឹងនេះលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតលើការងារ សាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យអោយបានខ្ជាប់ខ្ជួនជាកងកំលាំងទាំងសំលៀកបំពាក់ កាយវិការ និងក្រមសីលធម៌ ដែលជាមុខមាត់ក្នុងអង្គភាពទាំងមូលផងដែរ។ ហើយលោកមេញ្ជាការក៏បានកោតសសើរខ្ពស់ចំពោះកងកំលាំងទាំងអស់ដែលបានអនុវត្តការងារប្រកបដោយស្នាដៃ ទទួលខុសត្រូវខ្ពស់ដោយមិនគិតពីការនឿយហត់កន្លងមក ដែលនេះជាមោទនភាពមួយសម្រាប់កងរាជអាវុធហត្ថប៉ៃលិន។
គួរបញ្ជាក់ថា៖ ក្នុងនោះដំឡើងឋាននន្តរសក្តិថ្នាក់វរសេនីយ៍ឯកចំនួន ០៣នាក់និងទទួលបានប័ណ្ណសសើរការងារចំនួន ០៦នាក់ ហើយតែងតាំងនិងផ្លាស់ប្តូរមុខងារចំនួន ៣៧នាក់ ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន