ប្រជាពលរដ្ឋក្រីក្រ ជួបទុក្ខលំបាករស់នៅក្នុងស្រុកព្រៃនប់ទទួលបានអំណោយ ឯកឧត្តមបណ្ឌិតតាំង សំណាង ប្រធាន សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានប្រតិបត្តិសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ និងអនុប្រធានសមាគមសាខា ព្រមទាំងសមាជិក សមាជិកា តំណាងឱ្យឯកឧត្តមបណ្ឌិត ឈឹមវាសនាប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំង ថវិការបស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)ផ្ដល់ជូនដល់ ពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះ ខាត រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយរបស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ ពេលនេះរួមមាន៖អង្ករ មួយបាវស្មើនឹង ៥០គីឡូក្រាម, មី ១កេះ, ទឹកសុទ្ធ ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ប្រេងឆា ១ដបធំ និងថវិកា ៥៤០០០រៀលផងដែរ។

នាឱកាសនោះផងដែរឯកឧត្តមបណ្ឌិត តាំង សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីអាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម បណ្ឌិត ឈឹម វាសនា ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខ ពីបងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានទុក្ខលំបាក ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំង មានការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្នុងការជួយដល់សង្គមជាតិទៀតផង ដោយទាំងអស់នេះហើយបានឆ្លុះ បញ្ចាំងឱ្យឃើញថាជាការចូលរួមចំណែកមួយក្នុងនាមខ្មែរតែមួយ។

លោក សោម កន មេឃុំបឹងតាព្រហ្ម តាំងនាមតំណាង ឱ្យបង ប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅដល់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុដែលបាននាំយកអំណោយ ជួយ ដល់ បងប្អូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតជួបការ លំបាក។និងសូមជួនពរដល់ថ្នាក់ដឹកនាំសមាគម យុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ ជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិត តាំង សំណាង និងសមាជិក សមាជិកា របស់សមាគមយុវ ជនទិសអាគ្នេយ៍(ក្រុម៥៤)បន្ទាប់ពីបានចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួចរាល់ក៏បានអញ្ជើញទៅសួរសុខទុក្ខលោកវេជ្ជបណ្ឌិត ហុង ដារ៉ា មានជំងឺប្រចាំកាយកំពុងតែ សម្រាកព្យាបាល ប្រចាំថ្ងៃ៕នាគសមុទ្រ